នារសៀលថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលពិភាក្សាការងារជាមួយនឹង លោកជំទាវ Anne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីរបៀបវារៈសំខាន់ៗ រួមមាន៖
– ការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា,
– ការវិនិយោគរបស់ចក្រភពអង់គ្លេសនិង
– ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះការនាំចេញរបស់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកជំទាវ Anne-Marie Trevelyan នៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការគាំទ្ររបស់ចក្រភពអង់គ្លេសលើការនាំចេញរបស់កម្ពុជា និងការផ្តួចផ្ដើមលើការរៀបចំគម្រោង Green SEZ នៅកម្ពុជា ជាដើម ដែលកិច្ចការទាំងនេះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្របតាមការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ក៏ដូចជាយុទ្ធសាស្ត្រនិងវិធានការក្នុងការកំណែទម្រង់ថ្មីៗជាបន្តបន្ទាប់ ក្នុងដើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ដើម្បីកម្ពុជាអាចឈានឆ្ពោះដល់គោលដៅឆ្នាំ ២០៥០ ដែលជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ។
លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហការរវាងភាគីទាំងពីរ កម្ពុជា-អង់គ្លេស ព្រមទាំងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការប្ដេជ្ញាបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ជាពិសេស ការជំរុញការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចបៃតង ( Green SEZ) និងការខិតខំទាក់ទាញនូវវិនិយោគិនថ្មីៗរបស់អង់គ្លេសស្របតាមស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ។
ជាមួយគ្នានេះដែរ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការកែទម្រង់ដើម្បីទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាបន្ថែមទៀត ដូចជា ការចុះបញ្ជីពាណិជ្ជកម្មដែលមានលក្ខណៈសាមញ្ញ និងងាយស្រួល ការកាត់បន្ថយពេលវេលានៃការចុះបញ្ជី ការទទួលបាននូវជំនួយផ្នែកហិរញ្ញវត្ថុ និងដើមទុនសម្រាប់សហគ្រាសធនតូច និងមធ្យម និងការគ្រប់គ្រងបំណុលនៅកម្ពុជា រួមទាំងគំនិតផ្ដួចផ្ដើមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី ជាដើម ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រកន្លងមករបស់ចក្រភពអង់គ្លេសដល់កម្ពុជា និងបានជូនពរដល់ លោកជំទាវ Anne-Marie Trevelyan ឱ្យទទួលបានភាពជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា ។