ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម
ថ្ងៃទី២៤ ខែ​មករា ២០២៤

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី ១ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមាន៖ “សេចក្តីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម”, “សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម”, និងរបាយការណ៍ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក៏ដូចជា កិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ដែលជាអនុប្រធាន និងសមាជិក រួមទាំងថ្នាក់ដឹកនាំដែលជាតំណាងមកពីក្រសួង-ស្ថាប័ន ដែលជាសមាជិក្រុមប្រឹក្សាជាតិគាំពារសង្គមផងដែរ ។

សម្រាប់ “សេចក្ដីព្រាងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម”, និង “សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម”, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ក៏ដូចជាកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឱ្យក្លាយជាផែនការដ៏រឹងមាំ ក៏ដូចជាឧបករណ៍គតិយុត្តពេញលេញ ក្នុងការឈានទៅអនុវត្តការងារបរិវត្តកម្មឌីជីថល និងការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ។

បន្ថែមលើនេះ អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍ស្តីពីការតាមដានវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការវិនិយោគ និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះដំណើរការអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម ដែលក្រុមប្រឹក្សាជាតិគាំពារសង្គមបានដាក់ចេញនាពេលកន្លងមក និងបានផ្ដល់ការណែនាំឱ្យពិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើការវាយតម្លៃកម្មវិធីជំនួយសង្គមពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងរបាយការណ៍ផងដែរ ដើម្បីឱ្យរបាយការណ៍នេះកាន់តែមានភាពពេញលេញ ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានកោតសរសើរក្រុមការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធដែលបានខិតខំរៀបចំនូវសេចក្ដីព្រាង ក៏ដូចជារបាយការណ៍ដែលមានសារៈសំខាន់ទាំងនេះ ដើម្បីចូលរួមបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យបានកាន់តែរឹងមាំមួយជំហានទៀត ។

ព័ត៌មានពាក់ព័ន្ធ