នៅដើមឆ្នាំ ២០១៤ គិតត្រឹមខែមេសា សកម្មភាពសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនល្អទេ ដោយសារមានកូដកម្មតវ៉ាជាបន្តបន្ទាប់ក្នុងវិស័យកាត់ដេរ ការថយចុះចំនួនភ្ញៀវទេសចរបរទេស ការកើនឡើងថ្លៃទំនិញប្រើប្រាស់ និងការប្រែប្រួលបរិបទនយោបាយនៅប្រទេសជិតខាង។ ទោះជាយ៉ាងនេះក្ដី វិស័យមួយចំនួនដែលគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តដំណើរការល្អ ដូចជា វិស័យនេសាទត្រី និងវារីវប្បកម្ម វិស័យឧស្សាហកម្មផលិតសម្ភារៈប្រើប្រាស់ វិស័យសំណង់ និងវិស័យអគ្គីសនី ជាដើម។ ចំណែកការអនុវត្តថវិកា គឺនៅតែប្រព្រឹត្តទៅតាមគោលដៅដែលបានគ្រោង ដោយមានការកើនឡើងចំណូលនិងចំណាយទាន់ពេលវេលា ធានាបានការប្រព្រឹត្តទៅនៃសេវាសាធារណៈ និងជួយសម្រួលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។